ក្រុមហ៊ុនប៊ូមេឌា ខេមបូឌា និងស្ថានីយ៍ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានចុះហត្ថលេខាលើអនុស្សណៈនៃការយោគយល់គ្នា(MOU) ក្នុងកិច្ចសហប្រតិបត្តិការការចាក់ផ្សាយកម្មវិធី «១០នាទីនៃជំនួញជោគជ័យ»ដែលផលិតដោយក្រុមហ៊ុនប៊្លូមេឌា ហ្វីម ខេមបូឌា។ កម្មវិធី ១០នាទីនៃជំនួញជោគជ័យ គឺជាកម្មវិធីកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយម្ចាស់មុខជំនួញធំៗ និងសហគ្រិនវ័យក្មេងដែលភាពលេចធ្លោនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញពីភាពជោគ និងភាពបរាជ័យនៃការចាប់ផ្តើមមុខជំនួញរបស់ខ្លួន។​ ក្នុងកម្មវិធី វាគ្មិននឹងធ្វើការចែករំលែកនូវចំណេះដឹង ការតស៊ូ ជំនាញ គន្លឹះ​ជោគជ័យ យុទ្ធសាស្ត្រ និងការបរាជ័យដែលធ្លាប់ជួបប្រទះកន្លងមក។ ហើយអ្វីដែលសំខាន់បំផុតនោះ ថាតើពួកគេសម្លឹងមើលឃើញថាកម្ពុជាមានសក្តានុពលសេដ្ឋកិច្ចរីកចំរើនយ៉ាងដូចម្តេច ដែលធ្វើឲ្យពួកគេបង្កើត ឬពង្រីកអាជីវកម្មកាន់តែធំ​​ និងធ្វើការសហការជាមួយដៃគូរអន្តរជាតិកាន់តែច្រើនឡើងៗជាដើម។


សម្រាប់ម្ចាស់អាជីវកម្ម ឬសាធារណជនទូទៅដែលដែលស្រឡាញ់និងមានបំណងចង់បើកអាជីវកម្មផ្ទាល់ខ្លួន ក៏ដូចជាសហគ្រិនវ័យក្មេងដែលទើប​នឹងប្រឡូកក្នុងវិស័យជំនួញនោះ លោកអ្នកអាចទស្សនាកម្មវិធីនេះបាន ដើម្បីទទួលបានបទពិសោធន៍ពីម្ចាស់អាជីវកម្មដែលមានភាពជោគជ័យ និងលេចធ្លោនៅក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួនបន្តក្លាយជាសហគ្រិនដែលមានភាពជោគជ័យបន្ទាប់។ 


កម្មវិធីនេះ នឹងផ្សាយជូនទស្សនារៀងរាល់ថ្ងៃពុធ ពីម៉ោង៦:៣០នាទីដល់ម៉ោង៦:៤៥នាទីល្ងាច និងធ្វើការផ្សាយឡើងវិញនៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង១២:០០ដល់ម៉ោង១២:១៥នាទីថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១។ មិនតែប៉ុណ្ណោះកម្មវិធី ក៏នឹងមានចាក់ផ្សាយនៅលើបណ្តាញសង្គម ដូចជានៅគេហទំព័រហ្វេសប៊ុករបស់ ក្រុមហ៊ុនប្លូមេឌា ខេមបូឌា។គួរបញ្ជាក់ផងដែរថា​​ កិច្ចសហការមួយនេះជា កិច្ចសហប្រតិបត្តិការលើកដំបូងរវាង ក្រុមហ៊ុនប្លូមេឌា និងទូរទស្សន៍អប្សរា ហើយគ្រោងនឹងមានកិច្ចសហប្រតិបត្តិការដើម្បីផលិតកម្មវិធីថ្មីបន្តបន្ទាប់ទៀតដើម្បី បម្រើដល់ទស្សនិកជន។​