រដូវចូលឆ្នាំ នៅតាមស្រុកភូមិនានា មានរៀបចំសម្អាតភូមិឃុំនិងកម្មវិធីប្លែកៗអបអរឆ្នាំថ្មី ឆ្នាំ២០១៨នេះ។ ដោយឡែកនៅឃុំម្កាក់ ស្រុកអង្គស្នួល តាមការណែនាំរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយរដ្ឋមន្រ្តី និង ឯកឧត្តម ជា វុទ្ឋី និងក្រុមការងារចុះស្រុកអង្គស្នូលទាំងអស់ បានបំផុសគំនិតនិងលើកទឹកចិត្តប្រជាជន ឱ្យរៀបចំធ្វើនំត្នោតដ៏ធំមួយ"នំត្នោតយក្ស" និង នំត្នោតតូចៗរាប់រយនំបន្ថែមទៀត ក្នុងទិសដៅរំលឹកពីស្នាដៃនំខ្មែរ និង ស្ករត្នោតដ៏ល្បីល្បាញនៃស្រុកអង្គស្នួល។ ការបំផុសបែបនេះ បាននាំមកនូវភាពរីករាយដល់ប្រជាជនក្នុងភូមិ ទន្ទឹមគ្នានោះក៏បាននាំចំណូលដល់ប្រជាជននៅរដូវចូលឆ្នាំផងដែរ។


ក្រៅពីការបំផុសអោយប្រជាជនក្នុងភូមិរៀបចំសាទរឆ្នាំថ្មី ដូចជាការធ្វើខ្លោងទ្វារ ការជួបជុំត្រៀមលេងល្បែងប្រជាប្រិយខ្មែរ ច្រៀង រាំកំសាន្ត ឯឧ សុខ ចិន្តាសោភា ក៏បានជួយទិញក្រមារាប់ពាន់ដែលមានដាក់អត្តញាណស្រុកអង្គស្នួល ចែកជូនប្រជាជន និងបានលើកស្ទួយដល់ជីវភាពអ្នកតម្បាញខ្មែរយើងផងដែរ។ គូសបញ្ជាក់ថា សង្គ្រាន្តភូមិម្កាក់ស្រុកអង្គស្នួលនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃអាទិត្រទី៨មេសាឆ្នាំ២០១៨នេះ។